ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៦ កញ្ញា ២០២១ ប្រជាពលរដ្ឋអ្នកលក់ខ្យងបានប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ជាប់កន្លែងលក់ខ្យង ដោយមានរបួសដាច់ក្បាលប្រវែងជិត១ចង្អាម ដំបូងទ្បើយសង្ស័យជាអំពើឃាតកម្ម ។ ករណីបង្កនេះបានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េចម្ងាយប្រមាណ១០០ម៉ែត្រស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។
លោកពុត កយ ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តបានដឹកនាំកម្លាំងអធិការដ្ឋាននគបាលក្រុងស្វាយរៀងមកពិនិត្យសព ស្ត្រីរងគ្រោះ លទ្ធផល ធ្វើការសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ពុំមែនជាអំពើឃាតកម្មនោះទេ ។ស្ត្រីរងគ្រោះ គឺជាជនអនាថា អាយុប្រមាណជាង៤០ឆ្នាំ ក៏ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនិងសាច់ញាតិនៅឡើយទេ។ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តពោធិតាហោ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចក៏បានប្រកាសដល់មហាជន ដែរមានបាត់សមាជិកគ្រួសារ ដែលជាស្ត្រីអនាថា ដែលមានអាយុប្រមាណជា៤០ឆ្នាំនេះសូមមកទាក់ទងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ពោធិតាហោ សពតម្កល់នៅវត្តពោធិតាហោ សង្កាត់ពោធិតាហោក្រុងស្វាយរៀង៕