(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកសារព័ត៌មានពិតប្រាកដ គឺជាអ្នកសារព័ត៌មាន ដែលធ្វើការក្រោមអង្គភាពព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ ចំណែកឯអ្នកលេង Facebook មិនមែនជាអ្នកសារព័ត៌មានទេ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកជួបប្រជុំជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំដោយលោក គី តិច ដើម្បីរៀបចំផែនការដំណើការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈ។
បើតាមលោក ខៀវ កាញា រីទ្ធ អ្នកសារព័ត៌មានដែលធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈ ពេលផ្សព្វផ្សាយទៅត្រូវគេប្តឹង នឹងត្រូវបានទទួលសិទ្ធិការពារក្តីពីមេធាវីសម្តេចតេជោ។ ដោយឡែកសម្រាប់អ្នកលេង Facebook បើសិនជាធ្វើអត្ថាធិប្បាយប៉ះពាល់អ្នកដទៃ ហើយត្រូវគេប្តឹងនោះ នឹងមិនត្រូវទទួលបានសិទ្ធិនេះឡើយ ដោយសារពួកគេមិនមែនជាអ្នកសារព័ត៌មានទេ។
ជាមួយគ្នានេះលោក គី តិច បានឲ្យដឹងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចាប់ផ្តើមបើកទទួលការពារសិទ្ធិអ្នកព័ត៌មានវិជ្ជាជីវៈចាប់ពីថ្ងៃនេះតទៅ។ លោកបានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព័ត៌មានដែលធ្វើការតាមក្រមសីលធម៌វីជ្ជាជីវៈប៉ុន្តែត្រូវគេប្តឹង បើត្រូវការមេធាវីស្ម័គ្រចិត្ត សម្តេចតេជោឲ្យជួយការពារក្តី ត្រូវស្នើតាមរយៈទៅក្រសួងព័ត៌មានជាមុនសិន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេច ឲ្យជួយការពារក្តីសម្រាប់អ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ពេលផ្សាយទៅត្រូវអ្នកដទៃប្តឹង។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។ សម្តេចថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានសម្តេចដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕
ដោយ មាស ចន្ទ័ណារិទ្ធ