ខេត្តបន្ទាយមានជ័យ ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត កាលពីម្សិលមិញ បានចុះពិនិត្យមើលប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនិងទឹកហូរមកពីស្រុកថៃជាច្រើនគ្រួសារ និងត្រៀមជញ្លៀសទៅនៅទីទួលសុវត្តិភាពដោយសារស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេតប្រទេសថៃ បានហក់ឡើងលឿនធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងនូវការគំរាមកំហែង ពីទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃនេះនិង អាចជន់លិចជាច្រើនស្រុក ក្រុង ។
លោកគន់ គីម មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះទឹកជំនន់ហូរពីថៃ និងទឹកភ្លៀងបានហក់ឡើងខ្លាំងធ្វើឲ្យក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យលិចអស់១ភាភ ។ដោយមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីប្រទេសថៃកំពុងខ្វះខាតស្បៀង លោកនឹងត្រៀមដឹកនាំអំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន តាមរយៈលោកជាស្បៀងសង្គ្រោះបន្ទាន់យកមកចែកឲ្យដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ក្នុងនោះមានចាស់ជរា ស្ត្រីមេមាយ ជនក្រីក្រជាដើម។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័នមានកម្លាំងអាវុធហតខេត្តស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានត្រៀមជួយដឹកជញ្ជូនជន្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយក្នុងនោះក៏ធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។
លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវចេះថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ.១៩ជាដើម។ លោកក៏បានឲ្យអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុគ្រោះទឹកជំនន់នេះ៕