ខេត្តស្ទឹងត្រែង ៖ ការជំរុញរបស់អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដល់មន្ត្រីជំនាញសាងសង់ស្ពាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅពេលដែលលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យការស្ថាបនាស្ពានបេតុងមួយកន្លែង ដែលកំពុងដំណើរការសាងសង់ឆ្លងកាត់អូរបាដើម ដែលស្ពាននោះពីមុន គឺជាស្ពានឈើចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន នាថ្ងៃទី១៧តុលាឆ្នាំ២០២១។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការប្រើប្រាស់ស្ពានចំពោះមុខ ក្នុងការតភ្ជាប់ការធ្វើដំណើរឆ្លងកាត់ និងចេញចូល ពីតំបន់មួយទៅតំបន់មួយទៀត។ លើសពីនេះទៀត ស្ពានបេតុងថ្មីនេះ បានបង្កលក្ខណៈងាយស្រួល សម្រាប់បងប្អូនប្រជាកសិករដឹកជញ្ជូនផលកសិកម្ម មកកាន់ទីផ្សារ ប្រកបដោយសុវត្ថិភាព ហេតុដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល បានផ្តល់ស្ពានថ្មមួយនេះ ទុកជាចំណងដៃជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០២២។
លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់មន្ត្រីគ្រប់ផ្នែក និងគ្រប់ជំនាញ ត្រូវខិតខំរួមគ្នាបន្តអភិវឌ្ឍ នូវសមិទ្ធផលនានា ដែលជាគំរូរបស់ រាជរដ្ឋាភិបាលក្តី របស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ និងរដ្ឋបាលខេត្តក្តី យើងត្រូវខិតខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដទៃទៀត ដើម្បីធ្វើយ៉ាងណា ឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវនេះ សម្រាប់បង្កលក្ខណៈងាយស្រួល ជូនទៅដល់ប្រជាពលរដ្ឋ នៅតាមតំបន់ឆ្ងាយៗទៀត ព្រោះឃើញហើយថា តម្រូវការរបស់ប្រជាពលរដ្ឋមានច្រើន។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោក សរ គឹមណាត បានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ មន្ទីរសាធារណការ នឹងខិតខំចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យសម្រេចបាន នូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានរៀបចំឡើង ។ លោកថា ស្ពានបេតុងដែលកំពុងស្ថាបនានេះ បច្ចុប្បន្ន សម្រេចបាន ៩០ភាគរយហើយៗស្ពាននេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២១នេះ ដើម្បីបើកឱ្យប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ឆ្លងកាត់ ប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ស្ពានបេតុងថ្មី ដែលកំពុងស្ថាបនានេះ ត្រូវបានសាងសង់ឆ្លងកាត់អូរបាដើម ស្ថិតនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ស្ពានថ្មមួយនេះមានប្រវែង ៦០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលបានតភ្ជាប់ការធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍នានា ដែលស្ថិតក្នុងស្រុកសេសាន ថែមទៀតផង៕