រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមប្រធាន បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកា ក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
ឯកឧត្តមប្រធាន និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕