អន្តរជាតិ ៖ អតីតអភិបាលរដ្ឋ New Mexico លោក Bill Richardson បានចូលខ្លួនជួយអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងអ្នកកាសែតជនជាតិអាមេរិកឈ្មោះ Danny Fenster ពីពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ ហើយការដោះលែងអ្នកកាសែតនេះដែរ គឺជាការងារចុងក្រោយបង្អស់របស់លោក Richardson ក្នុងការដោះស្រាយជាមួយមេដឹកនាំផ្តាច់ការដ៏ល្បីល្បាញលើពិភពលោកផងដែរ ។
លោក Danny Fenster អាយុ ៣៧ ឆ្នាំ ជនជាតិអាមេរិក ជានាយកគ្រប់គ្រងនៃកាសែតអនឡាញ Frontier Myanmar ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំពីបទញុះញង់ឲ្យមានការតវ៉ា រំលោភច្បាប់អន្តោប្រវេសន៍ និងប្រព្រឹត្តិអំពើភេរវកម្ម នៅមីយ៉ាន់ម៉ា។ លោកត្រូវបានគេចាប់ឃុំខ្លួនចាប់តាំងពីខែឧសភា មក។
គួរបញ្ជាក់ថា លោក Fenster ស្ថិតក្នុងចំណោមអ្នកសារព័ត៏រាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែ កុម្ភៈ។ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់គ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ៕
ប្រភព៖ CNA NEWS