ខេត្តពោធិសាត់ ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រកាសឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ។ ពិធីនេះបានប្រារព្ធធ្វើនៅវេទិកាសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំង០៧ក្នុងខេត្តពោធិ៍សាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវការសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ទាំងអស់ ដែលសម្ដេចទាំងទ្វេនឹកគិតពីសុខភាពនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រោះសម្ដេចមុននឹងបានធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធ្លាប់រួមអាវុធជាមួយគ្នាឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង តស៊ូដើម្បីជាតិមាតុភូមិនិងប្រជាជនរហូតពិការភាពមកដល់សព្វថ្ងៃនេះ។ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ ឯកឧត្តម គន់ គីម បានណែនាំនិងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិនគរបាលរដ្ឋបាល មេឃុំចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជនឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្ដៅពីប្រមុខរាជរដ្ឋាភិបាល ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រជាជននិងប្រទេសជាតិមាតុភូមិ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសង្គមកិច្ចនិងការសាងសង់ផ្ទះសម្បែងនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាមរតកដ៍ធំធេងមិនអាចកាត់ថ្លៃបាន របស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ចំពោះបងប្អូនអតីតយុទ្ធជនយើង។ ដូច្នេះសូមបងប្អូនកុំលក់ទៅឲ្យអ្នកដទៃ ត្រូវនាំគ្នារស់នៅខិតខំបង្កបង្កើនផលចិញ្ចឹមជីវិតបន្តដល់កូនចៅជំនាន់ក្រោយទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអបអរសាទរចំពោះឯកឧត្តម ជាវ តាយ ដែលទើបតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ និងបានទទួលដោះស្រាយជូនបងប្អូនអតីតយុទ្ធជនចំនួន២៧គ្រួសារទៀតដែលមិនទាន់មានផ្ទះសម្បែងនៅឡើយ។ បញ្ហាចំបងចំពោះអតីតយុទ្ធជន ទី១ គឺត្រូវដោះស្រាយអ្នកមិនទាន់មានដីនិងមិនទាន់មានផ្ទះ ទី២គឺត្រូវដោះស្រាយអ្នកមានដីហើយតែមិនទាន់មានផ្ទះ និងទី៣គឺត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលមានកូនច្រើន។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ និងឯកឧត្តម គន់ គីម បានឧបត្ថម្ភស្បៀង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់បងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ដែលមកចូលរួមផងដែរ ៕