អន្ទរជាតិ ៖ ក្រុមមន្ត្រីសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជាចង្កោមលើកដំបូងរបស់ខ្លួននៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេស។
យោងតាមមជ្ឈមណ្ឌលការគ្រប់គ្រងស្ថានភាពកូវីដ១៩(CCSA) បានឲ្យដឹងថាមានករណីឆ្លង Omicron ចំនួន២២ករណីដែលភ្ជាប់ទៅនឹងចង្កោមនៅខេត្ត Kalasin ។
អ្នកនាំពាក្យរបស់ CCSA លោកស្រី Apisamai Srirangsan បាននិយាយថា សន្ទស្សន៍នៃករណីឆ្លងជាចង្កោមត្រូវបានគេជឿថាជាប់ទាលទងទៅនឹងប្តីប្រពន្ធ២នាក់ដែលបានធ្វើដំណើរមកពីប្រទេសបែលហ្ស៊ិក ហើយបានធ្វើតេស្តវិជ្ជមាន Omicron កាលពីដើមខែនេះពេលមកដល់ប្រទេសថៃ។
លោកស្រី Apisamai បាននិយាយថា ចាប់តាំងពីពួកគេមកដល់ ប្តីប្រពន្ធនេះបានទៅលេងកន្លែងជាច្រើនរួមទាំង បារ ផ្សារទំនើប និងការិយាល័យរដ្ឋក្នុងខេត្តនេះ ហើយមនុស្សប្រហែល ១០០នាក់នៅតែត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារតែទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។
យោងតាមរបាយការណ៍ពីក្រុមមន្ត្រីបានឲ្យដឹងថា ករណីឆ្លងសរុបនៃវីរុស Omicron នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២០៥ករណីហើយ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍៕