កំពង់ធំ ៖ ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ នៅភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បាននាំយកថវិកានិងសម្ភារៈចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ស៊ុន វង់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន ដែលបានស្លាប់ដោយសារផ្ទុះគ្រាប់មីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់យុទ្ធជនគឺជាការបាត់បង់ដ៏ធំធេងនូវ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ លោកស្រី និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារមនុស្សធម៌ ជាច្រើនឆ្នាំកន្លងមកនេះ និងបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ឲ្យរួចផុតពីការគំរាមកំហែងដោយសារមីន ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះកាកបាទក្រហមកម្ពុជាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ យុទ្ធជន ស៊ុន វង់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
ក្នុងនាមគ្រួសារសព នាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងអាណិតអាសូរដល់ជនរងគ្រោះដោយសារមីននិង សំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ។
ក្នុងការចុះសួរសុខទុក្ខដល់គ្រួសារសពកាកបាទក្រកម្ពុជាបាននាំយកផ្តល់ជូននូវថវិកា១០លានរៀលនិងសម្ភារៈមួយចំនួនផងដែរ ៕