ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធា
រណៈ,លោក គិត មិនារិទ្ធ លោក ម៉ូវ តឿ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងលោក ពេជ្រ សំបូរ ទីប្រឹក្សាក្រសួង
អប់រំយុវជន និងកីឡា, លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ , អាជាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សនុសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ចូលរួមផងដែរ ។
តាមរបាយការណ៍ស្វាគមន៍ របស់លោក ខៀវ រិទ្ធី នាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ បានឲ្យដឹងថា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ទទួលសិស្សានុសិស្ស មកពី៦ឃុំ របស់ស្រុករលាប្អៀរ រួមមានឃុំអណ្តូងស្នាយ ឃុំជ្រៃបាក់ ឃុំគោកបន្ទាយ ឃុំព្រៃមូល និងឃុំរលាប្អៀរ ។ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ មានអគារសរុប១២ខ្នង ដែលក្នុងនោះអគារសិស្សាមាន៧ខ្នង ស្មើនិង៤៩បន្ទប់, អគារផ្សេងៗមួយចំនួនមាន៤ខ្នង ស្មើនិង១១បន្ទប់ គឺអគារទីចាត់ការ២ខ្នង ស្មើនិង៦បន្ទប់, អគារកាត់ដេរ ១ខ្នង ស្មើនិង៣បន្ទប់ និងអគារចាស់១ខ្នង ស្មើនិង២បន្ទប់ សមិទ្ធផលទាំងអស់នេះជាអំណោយដ៏ថ្លែថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមការងារព្រមទាំងសប្បុរសជនចូលរួមផងដែរ។ ឆ្នាំសិក្សា២០២០ – ២០២១ កន្លងថ្មីៗនេះ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដោយប្រទេសជាតិស្ថិតក្នុងបរិបទកូវីដ ១៩ សាលាបានអនុវត្តក្នុងការបង្រៀន និងរៀន តាមលិខិតណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា តាមការបង្រៀន និងរៀន តាមប្រព័ន្ធអនឡាញ, តាមគ្រុបតេឡេក្រាម , តាមបណ្តុំភូមិ ឬតាមការយកសន្លឹកកិច្ចការពីគ្រូជាដើម ហើយលទ្ធផលនៃការសិក្សាថ្នាក់ទី៧ត្រូវបានឡើងថ្នាក់ទី៨ ចំនួន៩៥,៧១%,ថ្នាក់ទី៨ ត្រូវបានឡើងថ្នាក់ទី៩ ១០០%, និងថ្នាក់ទី១០ ត្រូវឡើងថ្នាក់ទី១១ ចំនួន៩៦% និងថ្នាក់ទី១១ ត្រូវឡើងថ្នាក់ទី១២ ចំនួន៩៨% ចំណែកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួន១០០% , ប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ មានបេក្ខជនសរុប៣២១នាក់ ស្រី២២១ នាក់ (មិនទាន់ប្រកាស់លទ្ធផល) ។ ចំណែកឆ្នាំសិក្សា ២០២១ ២០២២ វិទ្យាល័យមានបុគ្គលិកចំនួន១៣៥នាក់ ស្រី៦០នាក់ សិស្សចុះឈ្មោះចូលរៀនសរុបចំនួន ១៧១៩ នាក់ ក្នុងនោះស្រី៩៥១នាក់ ចែកចេញជា៤១ថ្នាក់ ចែកជា៖ថ្នាក់ទី៧ មាន៦ថ្នាក់ សិស្សសរុប ២៦៩នាក់ ស្រី១៣៣ នាក់,ថ្នាក់ទី៨ មាន៥ថ្នាក់ សិស្សសរុប ២១៤នាក់ ស្រី១០៦
នាក់, ថ្នាក់ទី៩ មាន៥ថ្នាក់ សិស្សសរុប ២០៤នាក់ ស្រី១០៥នាក់,ថ្នាក់ទី១០ មាន១០ថ្នាក់ សិស្សសរុប ៤០៣នាក់ ស្រី២៤៣នាក់, ថ្នាក់ទី១១ មាន៨ថ្នាក់ សិស្សសរុប ៣៣៥នាក់ ស្រី១៨៥នាក់, ថ្នាក់ទី១២ មាន៧ថ្នាក់ សិស្សសរុប ២៩៥នាក់ ស្រី១៧៩នាក់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំ២០២១ ២០២២ រួចមក ។ ឯកឧត្តម ស្រ៊ន សំឬទ្ធីបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនឹងលោកគ្រូ អ្នកគ្រូដែលបានខិតខំបញ្ចេញអស់ពីកម្លាំងកាយចិត្ត ក្នុងការខិតខំបង្រៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវចំណេះដឹង ទាំងអស់គ្នា ទោះជាប្រទេសយើងជួបនូវវិបត្តិនៃជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ។ ជាពិសេសលោកនាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន រលាប្អៀរ បានសហការ សាមគ្គី រិះរកគ្រប់មធ្យោបាយ តាមការណែនាំរបស់ក្រសួងអប់រំ ផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស សម្រេចបានលទ្ធផលល្អប្រសើរ
ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម ស្រ៊ន សំឬទ្ធី បានមានប្រសាសន៍ បន្តទៀតថាៈ ដើម្បីសម្រេចបានទៅនឹងពាក្យស្លោកមួយឃ្លាថា ៖ ” យុវជនជាទំពាំងស្នងឬស្សី សូមក្មួយៗត្រៀមខ្លួនឲ្យបានល្អ ដើម្បីត្រង់ត្រាប់ទទួលនូវការណែនាំអប់រំចូលរួមគ្រប់ សកម្មភាពបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ដើម្បីទទួលចំណេះដឹងថ្មី បទពិសោធ ន៍និង បំណិនផ្សេងៗ ឈាន ទៅអភិវឌ្ឍន៍សង្គមជាតិបន្តវេនពីរៀមច្បងរបស់យើង ។ ទន្ទឹមនឹងនេះ សូមប្អូន ៗ ក្មួយៗ អនុវត្តឲ្យខាងតែបាន គោលការណ៍ប្រតិបត្តិស្តង់ដា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ។
ឯកឧត្តម ស្រ៊ន សំឬទ្ធី ក៏បានផ្ដាំផ្ញើដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវ ជៀសអោយឆ្ងាយពីគ្រឿងញៀន ដែលគ្រឿងញៀននេះធ្វើឲ្យយើង ខូចអនាគត់ អាប់អោនកិត្តិយសគ្រួសារ ព្រមទាំងប្រឈមនឹងផ្លូវច្បាប់ទៀតផង និងសូមឲ្យក្មួយៗ ប្អូនៗ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
តំណាងសិស្សានុសិស្ស បានឡើងធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖ ប្តេជ្ញាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងខិតខំគ្រប់មុខវិជ្ជា ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាសិស្សល្អ, ខិតខំស្វ័យសិក្សាបន្ថែម និងស្តាប់ដំបូន្មានរបស់ឳពុក ម្តាយ ដើម្បីក្លាយជាទៅជាកូនល្អ, ជួយជម្រុញលើកទឹកចិត្តមិត្តភក្តិឲ្យខិតខំរៀនសូត្រ និងជួយមិត្តក្នុងគ្រាមានអាសន្ន ដើម្បីក្លាយទៅជាមិត្តល្អ ។
ចុងបញ្ចប់ ឯកឧត្តម បានចែករង្វាន់ ដល់សិស្សពូកែលេខ ១ដល់លេខ៤ និងឧបត្ថម្ភសម្ភារៈសិក្សា ដល់សិស្សក្រីក្រ និងឧបត្ថម្ភ ដល់កម្មវិធីបើកបវេសនកាល ជាថវិកា ចំនួន ១លានរៀល ផងដែរ ។