សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ និង​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​-​ខេត្ត នៅ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ និង​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី​-​ខេត្ត នៅ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ។​

​ជា​កិច្ច​ចាប់ផ្ដើម អង្គពិធី​បាន​ទស្សនាការ​សម្ដែង​របាំ​ជូនពរ និង​របាំ​បេះ​ក្រវ៉ា​ញ សម្ដែង​ដោយ​ក្រុម​សិល្បករ​នៃ​មន្ទីរ​វប្បធម៌ និង​ចិត្រ​សិល្បៈ​ខេត្តពោធិ៍សាត់ មុននឹង​ស្ដាប់​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយ​ល័យ​ប្រជាពលរដ្ឋ ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​នា​ឱកាស​នេះ ។​

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម​អភិបាលខេត្ត បច្ចុប្បន្ន​អង្គភាព ឬ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ខេត្ត​ពោធិ៍សាត់ កំពុង​ដំណើរការ​ផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ចំនួន​១៤ ដោយ​បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​៥​ពាន់​សេវា និង​ទទួល​ប្រាក់​ចំណូល​ចូល​ថវិកា​ជាតិ​ជាង​១​ពាន់​៥៦​លាន​រៀល​ហើយ ។ ដោយឡែក​ការិយាល័យ​ប្រជាពលរដ្ឋ​ក៏​បាន​ចាប់ផ្ដើម​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ជាមួយគ្នានេះដែរ​។​

​របាយការណ៍​ក៏​បាន​ឲ្យដឹង​ដែរ​ថា នា​ពេលកន្លងមក រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​បាន​ដាក់ឲ្យ​ប្រើប្រាស់​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ថ្នាក់ក្រុង​ស្រុក​ចំនួន​២​រួចមកហើយ​ដែរ គឺ​មួយ​ក្រុង​ពោធិ៍សាត់ និង​មួយទៀត​ស្រុក​បាកាន ខណៈ​ស្រុក​ក្រគរ ក៏​ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ដាក់​ចូល​ក្នុង​ស្រក​គោលដៅ​ត្រូវ​សិក្សា​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​រួច​ហើយ​ដែរ​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​បាន​មាន​គូ​សប​បញ្ជាក់ថា ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​សម្ពោធ​នា​ថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​តាម​សំណូមពរ ពេលវេលា ព្រម​ទាំង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​យន្តការ​ច្រកចេញចូល​តែមួយ បាន​ទទួល​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើប្រាស់​សេវា ដោយសារ​បាន​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការិយាធិបតេយ្យ និង​អំពើពុករលួយ​ក្នុង​ដំណើរការ​សុំ​សេវា​ផ្សេងៗ​ពី​ស្ថាប័ន​រដ្ឋ ហើយ​លើសពីនេះ​ទៅទៀត នៅតាម​បណ្ដា​ប្រទេស​ដែល​មាន​ធនធាន​មនុស្ស​មាន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន គេ​ក៏​បាន​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ និង​យន្តការ​នេះ​រហូត​ដល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឌីជីថល​ទៀតផង ។​

​សម្ដេច​ក្រឡាហោម​បាន​រំលឹកថា កម្ពុជា​បាន​អនុវត្ត​សាកល្បង​នូវ​ដំណើរការ​ច្រកចេញចូល​តែ​មួយ​នេះ រយៈពេល​១៥​ឆ្នាំ​រួចមកហើយ ដោយ​ចាប់​ផ្ដើមដំបូង​នៅ​ស្រុក​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​ស្រុក​នៅ​អាល្លឺម៉ង់ និង​អ៊ីតាលី ។ ដោយសារ​យន្តការ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ពង្រីក​ការិយាល័យ​នេះ​នៅ​តាម​បណ្ដា​ក្រុង​ស្រុក​ជា​បន្តបន្ទាប់ គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ​ចំនួន​១១៥​រួចមកហើយ ។​

​ទន្ទឹម​នឹង​ការបង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែមួយ សម្ដេច​បាន​គូសបញ្ជាក់ថា​ក្រសួងមហាផ្ទៃ ក៏​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​មួយ​ទៀត​ដែរ ដែល​មាន​តួនាទី​ទទួល សម្របសម្រួល និង​ដោះស្រាយ​ពាក្យបណ្ដឹង ឬ​ការតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​រដ្ឋបាល​មូលដ្ឋាន ភាពមិនប្រក្រតី​នៃ​ការផ្ដល់សេវា ឬ​ការបញ្ចេញ​អកប្បកិរិយា​មិន​សមរម្យ​ណាមួយ​ពី​មន្ត្រី​ក្នុងពេល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​មានប្រសាសន៍​គូសបញ្ជាក់ថា​«​ពីមុន​ប្រជាពលរដ្ឋ ឧទាហរណ៍​គាត់​ត្រូវ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ដែល​ត្រូវ​ឆ្លងកាត់​សមត្ថកិច្ច​ក្រសួង​ពីរ ឬ​បី ដូច្នេះ​ពលរដ្ឋ​ត្រូវ​សុំ​ទៅ​មន្ទីរ​នៃ​ក្រសួង​នោះ​ពីរ​ទៅ​បី​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ការសម្រេច​លើ​សេវា​សុំច្បាប់​អាជីវកម្ម​នោះ​។ ពេល​ខ្លះ​ក៏​ជួប​ត្រឹម​អនុ​ន​ប្រធាន​មន្ទីរ ឬ​ក៏​ជួប​មន្ត្រី​ដែល​មិន​មាន​សិទ្ធិ​សម្រេច ដូច្នេះ​ទម្រាំ​បែបបទ​ក្រដាស់​ស្នាម​ស្នើសុំ​នោះ​វា​ទៅ​ដល់​មន្ទីរ ឬ​ប្រធាន​មន្ទីរ គឺ​ត្រូវការ​ប្រើ​ពេលវេលា​យ៉ាង​វែង ហើយ​វា​ក៏​ទុក​ឱកាស​ឱ្យ​មន្ត្រី​ខិលខូច​មួយចំនួន​ឃុបឃិប​ជាមួយ​អ្នកម​ក​សុំ​សេវា ឬ​បង្ខំ​អ្នក​មក​សុំ​សេវា ដើម្បី​បង់​កម្រៃ​ក្រៅផ្លូវការ​។ ដូច្នេះហើយ​បាន​ជា​ការសិក្សា​ឃើញថា​ដំណោះ​នៃ​ការកាត់បន្ថយ​ភាព​អសកម្ម​ទាំងនេះ គឺ​ដើម្បី​បាន​លឿន បាន​ឆាប់រហ័ស និង​មាន​តម្លាភាព គឺ​បង្កើត​ច្រកចេញចូល​តែ​មួយ​» យ៉ាងណា​ក៏​ដោយ​សម្ដេច​បា​ន​គូសបញ្ជាក់ថា​ការបង្កើត​ការិយាល័យ​នេះ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ​មូលដ្ឋាន ពោល​គឺ​បើ​មិនទាន់មាន​តម្រូវការ​ស្នើសុំ​សេវា​ច្រើន រដ្ឋ​មិន​ទាន់​បង្កើត​ច្រក​ចេញ​តែ​មួយ​ឡើយ គឺ​មិន​អាច​បង្កើត​ហើយ​យក​មន្ត្រី​ទៅ​ចាំ​បំពេញ​ការងារ​ដោយ​ទំនេរ​ចោល​នោះទេ ព្រោះ​វា​គឺជា​ការខាតបង់​ថវិកាជាតិ ដែល​ថវិកា​នេះ​ក៏​ដូច​ជា​ថវិកា​ពលរដ្ឋ​ដែរ​។ ដូច្នេះហើយ​បានជា​ជាក់ស្ដែង​ដូច​ខេត្ត​ពោធិ៍សាត់ រដ្ឋ​ទើបតែ​បង្កើត​ថ្នាក់ក្រុង​ស្រុក​បាន​ពីរ និង​កំពុង​សិក្សា​ស្រុក​១​ទៀត​ប៉ុណ្ណោះ​។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា ការិយាល័យ​ច្រក​ចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​របស់​រាជធានី​ខេត្ត​ទូទាំង​ប្រទេស បាន​ដំណើរ​ការផ្ដល់​សេវា​ជិត​៦០០​ប្រភេទ​សេវា ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ និង​ធនធាន​មួយចំនួន​ពី​ថ្នាក់​ជាតិ​មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​បាន​កែសម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រង​ស្រុក និង​បង្កើន​ថវិកា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២០​ដែរ ដោយ​ក្នុង​នោះ​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ជាង​៧​ម៉ឺន​ដុល្លារ ដើម្បី​ធានា​ឲ្យ​ឃុំ​សង្កាត់​បំពេញ​បាន​តាម​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​មានប្រសាសន៍​ក្រើនរំលឹក​អភិបាល និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ពិសេស​ខេត្ត​ដែល​មាន​ព្រៃឈើ​សេសសល់​ច្រើន ឬ​តិច ត្រូវ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុងស្ថានភាព​ដែល​អាកាសធាតុ​កាន់តែ​មាន​ភាពរាំងស្ងួត និង​កើន​កម្ដៅ​។ សម្ដេច​បាន​ទាញ​ចំណាប់​អារម្មណ៍​ថា ជាក់ស្ដែង​ខេត្ត​ពោ​ធ៍សាត់ ប្រសិនបើ​អស់​ព្រៃឈើ​នៅ​ជួរ​ដងភ្នំ​ក្រវ៉ា​ញ ច្បាស់​ជា​នឹង​មាន​ជំនន់​ធំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិនខានឡើយ ដូច្នេះ​មិន​ត្រូវ​មើលស្រាល​បញ្ហា​នេះ​ជាដាច់ខាត ហើយ​ខេត្ត​ផ្សេង​ក៏​ត្រូវ​យកចិត្តទុកដាក់​ដូចគ្នា​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *