ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍គ្រឹះនៃទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម ក្រោមក្របខណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ រួមមាន លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម ជាប្រធានសម្របសម្រួលគម្រោង និងជាតំណាងរបស់ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាតំណាងរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ញ៉េប ចាន់ ប្រធានផ្នែកផែនការ និងការអនុវត្តគម្រោង នៃអង្គភាព MAFF-NIO ។
វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីបង្គោលកសិកម្មស្រុកគោលដៅគម្រោងចំនួន០៥ក្រុង/ស្រុក រួមមាន ក្រុងស្ទឹងសែន ស្រុកបារាយណ៍ សន្ទុក កំពង់ស្វាយ និងស្ទោង ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មនៅស្រុកគោលដៅទាំង០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ វគ្គបណ្តុះបណ្តាលខាងលើបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មនូវចំណេះដឹង និងគោលគំនិតពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីពង្រឹងសមត្ថភាពក្នុងប្រតិបត្តិការមុខជំនួញដ៏សមស្រប និងប្រកបដោយប្រសិទ្ធភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍កសិកម្ម។
មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា នៅប្រទេសកម្ពុជា សហគមន៍កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍផលិតកកសិកម្ម ការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ននេះ សហគមន៍កសិកម្មភាគច្រើនកំពុងជួបការលំបាកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដោយសារការខ្វះខាតចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ដែលកត្តាទាំងនេះ បានជះឥទ្ធិពលដល់ភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្ម។
មានមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល លោក អោម ពេជ ប្រធាននាយកដ្ឋានពូជដំណាំ និងជាប្រធានសម្របសម្រួលគម្រោង បានបញ្ជាក់ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ គឺជាកម្មវិធីដែលផ្តោតទៅលើការរៀបចំ និងពង្រឹងច្បាប់ គោលនយោបាយពាណិជ្ជកម្មស្រូវ-អង្ករកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ជាទីភ្នាក់ងារគ្រប់គ្រងកម្មវិធី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) រដ្ឋបាលសាលាខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ជាទីភ្នាក់ងារអនុវត្តកម្មវិធី។ លោកក៏បានបញ្ជាក់បន្ថែមថា វិស័យកសិកម្ម គឺជាវិស័យនាំមុខដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលក្នុងនោះ ផលិតកម្មស្រូវគឺជាផ្នែកមួយដ៏ចម្បងមិនអាចខ្វះបាន និងមានការចូលរួមយ៉ាងពេញលេញពីអ្នកពាក់ព័ន្ធជាច្រើន រួមទាំងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន។ នៅប្រទេសកម្ពុជា សហគមន៍កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍផលិតកម្មកសិកម្ម ការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ននេះ សហគមន៍កសិកម្មភាគច្រើនកំពុងជួបការលំបាកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដោយសារការខ្វះខាតចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ដែលកត្តាទាំងនេះបានជះឥទ្ធិពលដល់ភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្ម។ លោកបានមានប្រសាសន៍ថា ការផ្តល់ចំណេះដឹងជូនដល់សហគមន៍កសិកម្មអំពីគោលការណ៍គ្រឹះនៃទីផ្សារផលិតផលកសិកម្ម ដោយផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ការបង្កើតយុទ្ធសាស្ត្រថ្មីៗ ការរៀបចំផែនការទីផ្សារ ផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការព្យាករណ៍អំពីនិន្នាការទីផ្សារដើម្បីបំពេញតម្រូវការរបស់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់ និងពង្រីកអាជីវកម្មរបស់កសិករ ឬសហគមន៍កសិកម្ម។
លោកក៏បានបន្តទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ កសិករ ក៏ដូចជាសហគមន៍កសិកម្ម នឹងទទួលបានឱកាសក្នុងការរៀនសូត្រ ចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យពីគ្នាទៅវិញទៅមក ការផ្សព្វផ្សាយផលិតផលកសិកម្ម និងការគ្រប់គ្រងមុខជំនួញ។ ពិសេសជាងនេះ វគ្គបណ្តុះបណ្តាលខាងលើនឹងផ្តល់ឱកាសដល់កសិករ និងសហគមន៍កសិកម្មបានជួបជាមួយតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌតម្រូវនានាក្នុងការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ព្រមទាំងយល់ដឹងអំពីលក្ខខណ្ឌពិសេសមួយចំនួនក្នុងការទទួលបានឥណទានដែលស័ក្តិសមនឹងស្ថានភាពជាក់ស្តែង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់កសិករផ្ទាល់ ក៏ដូចជាក្នុងសហគមន៍ទាំងមូល។
ជាចុងក្រោយ លោកបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ស្តាប់ការពន្យល់ និងចូលរួមអនុវត្តសកម្មភាពនានាតាមការណែនាំរបស់គ្រូឧទ្ទេសនាមដើម្បីទទួលបានចំណេះដឹងថ្មីៗ និងចំណេះធ្វើល្អៗប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។