ខេត្តកំពង់ធំ ៖ សកម្មភាពបទល្មើសនេសាទ កើតឡើងពេញបន្ទុក យ៉ាងអនាធិបតេយ្យបំផុត ក្នុងតំបន់ឡូអភិរក្សពូជត្រី ក្នុងបឹងទន្លេឆ្មារ អស់លោកមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ គ្មានការបង្ក្រាប និងទប់ស្កាត់បន្តិចសោះឡើយ មហាជនមានការព្រួយបារម្មណ៍ និង សង្ស័យថាមានការរួមគំនិត ឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធហើយមើលទៅ ទើបបណ្ដែតបណ្ដោយឱ្យពួកមេៗឈ្មួញទុច្ចរឹត ធ្វើសកម្មភាពបែបនេះ។
នៅរសៀលថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2022 នេះ ប្រជាពលរដ្ឋ បានរាយការណ៍មកថា ៖ មានសកម្មភាពបទល្មើសនេសាទ ដាក់របាំងសាច់អួនគ្រប់ប្រភេទ និងបទល្មើសរុញស៊ីប យកលាសព័ទ្ធជុំវិញ តំបន់ឡូអភិរក្ស បឹងទន្លេឆ្មារ កើតឡើងយ៉ាងអណាធិបតេយ្យ ពាសពេញផ្ទៃបឹងទន្លេឆ្មារតែម្ដង ស្ថិតនៅក្នុងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការគ្រប់គ្រងទទួលខុសត្រូវដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល ឃុំពាមបាង ក្នុងភូមិសាស្រ្ដស្រុកស្ទោង ។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា ៖ រាល់សកម្មភាពបទល្មើសនេសាទខាងលើនេះ បានកើតមានឡើង ក្នុងរយៈពេលជិតមួយខែមកហើយ ដែលកាលពីឆ្នាំមុនមានឈ្មោះ តាអឹម ជាមេភូមិពៅវើយ ជាអ្នកចេញមុខសម្របសម្រួលគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកុំឱ្យមានការបង្រ្កាប។ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ និងរស់នៅជិតតំបន់នោះ បានសំណូមពរទៅដល់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ មេត្តាដាក់បទបញ្ជា ចាត់ឱ្យពួកមន្ត្រីជំនាញ ចាត់វិធានការបង្រ្កាប និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ផងទាន។ ពុំដូច្នេះទេ ជីវៈចម្រុះ ដែលជាមច្ឆាជាតិ នៅសេសសល់បន្តិចបន្តួចពីពួកឈ្មួញទុច្ចរិតកន្លងមក ដែលពួកមេឈ្មួញទុច្ចរិតបានបាញ់ថ្នាំបំពុល ក្នុងការធ្វើស្រែប្រាំង ធ្វើឲ្យប៉ះពាល់ដល់ជីវិតមច្ឆាជាតិ ស្ទើរគ្មានសល់ទៅហើយ អីឡូវស្រាប់តែមកដល់ពេលនេះ មានពពួកជនឆ្លៀតឱកាស បានរួមគំនិតគ្នា ជាមួយមន្ត្រីខិលខូចបំផ្លាញមច្ឆាជាតិ ដែលបាននៅសេសសល់បន្តិចបន្តួចនេះឱ្យផុតពូជតែម្ដង ប្រជាពលរដ្ឋ សូមសំណូមពរទៅលោក (ងួន រតនៈ) អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជួយសង្រ្គោះដល់មច្ឆាជាតិយើងដែលនៅសេសសល់បន្តិចបន្តួចផងទាន។