(ភ្នំពេញ) ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដោយក្នុងនោះ ឯកឧត្តមបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ និងថែមទាំងមានសណ្តានចិត្តចេះស្រលាញ់បងប្អូន និងប្រជាពលរដ្ឋ ដោយហ៊ានលះបង់នូវការនឿយហត់ និងសុភមង្គលផ្ទាល់ខ្លួនគ្រប់បែបយ៉ាង ក្នុងបុព្វហេតុទាំងនេះ។
ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិនៃការដឹកនាំ។
ការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គម ជាពិសេសធានាការជឿជាក់ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា។