រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានធ្វើការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រដល់រាជធានី និងក្រុងរបស់ប្រទេសកម្ពុជាចំនួន៤ ដែលទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតអាស៊ាន ដែលបានសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៦ ដែលបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងមក ។
គួរបញ្ជាក់ថាកម្ពុជាទទួលបានវិញ្ញាបនបត្រចំនួន០៣ គឺក្រុងកែបជាទីក្រុងខ្យល់ស្អាត រាជធានីភ្នំពេញជាទីក្រុងទឹកស្អាត និងក្រុងសែនមនោរម្យជាទីក្រុងដីស្អាត។ ដោយឡែក ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០២១។
គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះស៊ីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិសាត់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះ រាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនរបស់ជាតិយើង៕