ឯកឧត្ដម វេង សាខុន អញ្ជើញសម្ភោធសមិទ្ធិផលនានាក្នុងវត្តគិរីវង្ស ហៅវត្តទឹកជ្រៅ ក្នុងខេត្តត្បូងឃ្មុំ

 

(ខេត្តត្បូងឃ្មុំ)  នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តគិរីវង្ស ហៅវត្តស្រែវែង ស្ថិតនៅក្នុងឃុំទឹកជ្រៅ  ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារចុះស្រុកតំបែរ ឯកឧត្តម សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ នី ច័ន្ទធីដា អភិបាលរងខេត្ត លោកប្រធានក្រុមការងារចុះឃុំ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តមួយចំនួនទៀត។

លោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍស្រុក វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលស្រុកបាននិងកំពុងអនុវត្ត និងដំណើរការនៃការកសាងសមិទ្ធផលក្នុងវត្តដែលកំពុងដាក់សម្ពោធនាពេលនេះ។ ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីមួយទៀតដែលវត្តស្រែវែង ជាពិសេសបងប្អូនពុទ្ធបរិស័តចំណុះជើងវត្តទទួលបាន នាពេលនេះ លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមការងារ និងសហការីទាំងអស់ដែលបានខិតខំពុះពារ យកអស់ស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងសមិទ្ធផលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នេះឡើងទុកបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃឲ្យបាន់តែសម្បូរសប្បាយ ស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ត និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ និងបានគាំទ្រ លើកទឹកចិត្តឲ្យបងប្អូនខិតខំបង្ក បង្កើនផលដែលជាស្បៀងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការខ្នះខ្នែង ស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទាំងក្មេង និងចាស់បានគ្រប់ៗគ្នា។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោចំពោះអាយុជីវិត សុខភាព និងភាពសុខសាន្តរបស់ប្រជា ពលរដ្ឋនៅទូទាំងប្រទេស ដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពពេញបរិបូរណ៍។

ចំពោះសមិទ្ធផលក្នុងវត្តស្រែវែង ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរចំពោះលោកអភិបាលស្រុក និងសហការី លោកប្រធានក្រុមប្រឹក្សាស្រុក ឃុំ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍស្រុកតំបែរទទួលបានលទ្ធផលជាផ្លែផ្កា។ ក្រៅពីនេះ ស្រុកបានរួមសហការជាមួយក្រុម ការងារគ្រប់ជាន់ថ្នាក់ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ចាស់ជរាគ្មានទីពឹង ការអនុវត្តគោលនយោបាយ ក៣ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ល។ សកម្មភាពនេះ ពិត ជាបានឆ្លើយតបទៅ នឹងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពមន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ការពង្រឹងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សុខភាពសាធារណ: ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតំបែរទាំងមូល។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុម ការងារបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេច ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់សមាជិកក្រុមការងារទាំងអស់។ជាចុងក្រោយ ឯកឧត្តមប្រធាន លោកបានលើកទឹកចិត្ត ជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ស្រុកក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ បម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកបានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ខិតខំយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពលើការផ្តល់សេវាសាធារណ: លើកទឹកចិត្តឲ្យបងប្អូនយកចិត្តទុកដាក់ធ្វើអនាម័យនៅតាមលំនៅដ្ឋាន ទីសាធារណ: វត្តអារាម ដងផ្លូវជាតិ សាលារៀន និងទីផ្សារដើម្បីសុខភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ។ យកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពល ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឲ្យបានល្អប្រសើរ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ។ឆ្លើយតបតាមសំណើរ ឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភថវិកាជាង ១០ ០០០ដុល្លារជូនលោកប្រធានក្រុមការងារចុះឃុំទឹកជ្រៅ និងឃុំនាងទើត ទុកដោះស្រាយសំណើតាមការចាំបាច់ ក្នុងន័យបន្តចូលរួមអភិវឌ្ឍមូលដ្ឋាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *