(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលសំណង់ស្ពានទ្វារទឹកទី១ របស់ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់, នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទងក្រុមការងារ និងប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ចំណុចដែលសាងសង់សំណង់ស្ពានទ្វារទឹកទី១ លើផ្លូវមេចូលទៅកាន់ភូមិបឹងជង្រុកតេជោឈ្នះឈ្នះនេះ គឺជាចំណុចមុខទឹកដែលតែងតែហូរដាច់ផ្លូវក្នុងរដូវវស្សាកន្លងមក។ ក្រៅពីសំណង់ស្ពានទ្វារទឹកទី១នេះ ក៏នៅមានសំណង់ស្ពានទ្វារទឹកថ្មីៗដែលនឹងត្រូវសាងសង់ជាបន្តបន្ទាប់ទៀត ដើម្បីរំដោះទឹកជំនន់ កុំឱ្យប៉ះពាល់ដល់ភូមិឋាន និងផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕