ភ្នំពេញ៖ នាថ្ងៃទី ១៥ ខែមីនា ឆ្នំា២០២២នេះ ឈើប្រណិតដែលឈ្មួញលួចដឹក តាមរថយន្តធុនទេសចណ៍មួយគ្រឿងចេញពីខេត្តកំពង់ធំ ត្រូវបានមន្ត្រីជំនាញបង្ក្រាប ខណៈពេលដែលឈ្មួញប្រុងយកមកលក់ ឲ្យដេប៉ូឈើនៅម្តុំច្រាំងបាក់ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅព្រឹកនេះ ឈ្មួញបានដឹកឈើ ប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល ២ម៉ែត្រគូប តាមរយៈរថយន្តម៉ាកហៃលិនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២P ៥១៤៨ ចេញពីខេត្តកំពង់ធំដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើឆ្ពោះមកទំលាក់ នៅដេប៉ូឈើលេខ ២៥ ផ្លូវ ៣៦៩(ច្រាំងបាក់) សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់ឃាត់សាកសួរ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចបាត់បន្សល់ទុកតែរថយន្ត និងឈើប្រភេទលេខ ១ ក្នុងរថយន្ត។ ទាំងរថយន្ត និងឈើ ត្រូវបានបញ្ជូនទៅកាន់ទីតាំងរដ្ឋបាលព្រៃឈើភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល ធ្វើការរឹតបន្តឹងពីការកាប់ទន្ទ្រាន និងបំផ្លាញព្រៃឈើមក គឺឈ្មួញរកស៊ីដឹកឈើ បានផ្អាកសកម្មភាពរហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែមីនានេះ ពួកគេបានលបដឹកចេញខេត្តកំពង់ធំ បំណងយកលក់នៅទីតាំងដេប៉ូឈើច្រាំង តែត្រូវមន្ត្រីជំនាញធ្វើការបង្រ្កាប៕