(ភ្នំពេញ )ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន និងគណៈប្រតិភូក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។
ដំណើរទស្សនកិច្ចនេះ ក៏នឹងបានរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕
នៅល្ងាចថ្ងៃដដែលនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយកត់សម្គាល់លើបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅវិមានសន្តិភាព។
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២។ ឯកសារទាំងពីរនេះបានចុះហត្ថលេខាដោយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ឯកសារទាំងពីរនោះរួមមាន៖
១- គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ ២០០លានយ៉េន ស្មើនឹង ១,៧ លានដុល្លារអាមេរិក។
២- គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់ ៣០០ លានយ៉េន ស្មើនឹងប្រមាណ ២,៦ លានដុល្លាអាមេរិក៕