ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង បានដឹកនាំសហការីអមដំណើរដោយលោក ប្លង់ សាឡន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានទៅជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថវិការបស់ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភជូនអាជ្ញាធរឃុំ ភូមិ ដើម្បីធ្វើការជួសជុលផ្លូវធ្វើដំណើរបណ្ដោះអាសន្ន ក្នុងរដូវភ្លៀងធ្លាក់នេះ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានរាយការណ៍អំពីស្ថានភាពនៃការខូចខាតផ្លូវធ្វើដំណើរ ក្នុងកំណត់ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលឆ្លងកាត់ឃុំបន្ទាយស្ទោង មានពីរភូមិ គឺភូមិបន្ទាយស្ទោង និងភូមិស្រោមដែក ដែលមានការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលកន្លងមក ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជួបការលំបាកក្នុងការធ្វើដំណើរពិសេស គឺក្នុងរដូវភ្លៀងធ្លាក់នេះ។
លោក កាន់ សាឡន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានជម្រាបជូនប្រជាពលរដ្ឋអំពីគម្រោងសាងសង់ផ្លូវ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលឆ្លងកាត់ឃុំបន្ទាយស្ទោងនិងឃុំរុងរឿង។ តាមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ដំណើរការកសាងផ្លូវនេះនៅក្នុងរដូវប្រាំងចុងឆ្នាំ២០២២នេះ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសងខាងផ្លូវ ដើម្បីសម្របសម្រួលនូវផលប៉ះពាល់ទាំងឡាយ ពាក់ព័ន្ធនឹងចំណីផ្លូវ ដែលត្រូវធ្វើការសាងសង់នៅពេលខាងមុខ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលតាម រយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងត្រូវដំណើរការសាងសង់ផ្លូវចាក់កៅស៊ូដោយត្រូវឆ្លងកាត់នៅឃុំបន្ទាយស្ទោងក្នុងរដូវប្រាំងឆ្នាំ២០២២ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួល។ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានសំណូមពរដល់ក្រសួង ធ្វើយ៉ាងណានៅដើមរដូវប្រាំងខាងមុខនេះ មេត្តាបញ្ជូនគ្រឿងចក្រឱ្យបានរួសរាន់ ក្នុងការសាងសង់ផ្លូវនេះជូនបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ដោយសារបងប្អូនជួបការលំបាកក្នុងការធ្វើដំណើរច្រើនឆ្នាំកន្លងមកហើយ។ ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាយោគយល់ អធ្យាស្រ័យ និងអត់ធ្មត់ មួយរយៈពេលខ្លីទៀតដើម្បីរង់ចាំដំណើរការសាងសង់ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំងពីរភូមិ គឺភូមិស្រោមដែក ចំនួន១០គ្រួសារ និងភូមិបន្ទាយស្ទោងចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងត្រីខកំប៉ុង១យួរផងដែរ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកថវិកាចំនួន២លានរៀលដែលជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រគល់ជូនអាជ្ញាធរឃុំ ភូមិដើម្បី ដំណើរការជួសជុលកែលម្អផ្លូវជាបណ្ដោះអាសន្ន ធ្វើយ៉ាងណាឱ្យបងប្អូនបានធ្វើដំណើរមានភាពងាយស្រួល ទម្រាំមានការសាងសង់ផ្លូវនៅក្នុងរដូវប្រាំងឆ្នាំ២០២២ ខាងមុខនេះ៕AKP