ខេត្តបាត់ដំបង ៖ នៅថ្ងៃ ពុធ ៥រោច ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា០១ខ្នង កម្ពស់០៤ជាន់ស្មើ ២០បន្ទប់ នៅក្នុងបរិវេណអនុវិទ្យាល័យ ហោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកស្ទួយដោយមិនខ្លាចនឿយហត់ជម្រុញវិស័យអប់រំ ហើយបំផុសអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន ទាំងប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ប្រជាពលរដ្ឋខ្មែរនៅបរទេស ទាំងមិត្តភក្តិអន្តរជាតិ ក្នុងនាមជារដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល យើងបានបើកឱកាស ឬក៏ផ្តល់ឱកាសជូនពួកគាត់ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំ សិក្សាធិការ ដែលនេះជានយោបាយមួយដ៏ត្រឹមត្រូវដែលយើងបានដើរ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ចាប់តាំងពីគុណភាពនៃការអប់រំ សិក្សាថិការ របស់យើងមានកម្រិតទាបមិនស្របនិងស្តង់ដារអន្តរជាតិ ទាំងក្នុងតំបន់ក៏ដូចជាសកលលោក ប៉ុន្តែមកដល់ពេលនេះក្រោមការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ពិសេសក្រសួងអប់រំយុវជននិងកីឡា ដែលជាក្រសួងនាំមុខក្នុងការរៀបចំនូវកម្មវិធីសិក្សា បណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាព ធ្វើអោយចំណេះដឹងរបស់សាស្រ្តាចារ្យយើង គ្រូបង្រៀនយើង ហើយចំណេះដឹងសិស្សានុសិស្សអាចតាមទាន់ជាមួយនិងបណ្តាប្រទេស ទាំងនៅក្នុងតំបន់ និងលើសកលលោក ដែលនេះជាមោទនភាពដ៏ធំក្រោយពីយើងបានចេញពីបាតដៃទទេក្នុងរង្វង់៤០ឆ្នាំកន្លងទៅ នេះបង្ហាញអោយឃើញថា យើងទាំងអស់គ្នាបានចូលរួមដើម្បីជួយកសាងវិស័យនេះដែលចាត់ទុកថាវិស័យនេះជាវិស័យគន្លឹះធំបំផុត ព្រោះថាបើយើងមិនមានធនធានមនុស្សដែលមានសមត្ថភាពចេះដឹងគ្រប់គ្រាន់ទេនោះ យើងពិតជាមិនអាចការពារបូរណភាពទឹកដីរបស់យើង មិនអាចការពារអធិបតេយ្យភាពជាតិរបស់យើង ហើយក៏មិនអាចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអោយមានការរីកចំរើនបានដែរ៕