ខេត្តបាត់ដំបង ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តំណាងដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុប២៥៦គ្រួសារ មកពីភូមិចំនួន២ដែលរស់នៅលើទំនប់អាងភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
ថ្លែងនាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។
ជាមួយគ្នានេះឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាខេត្តអាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះនិងបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់បំផុតមិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ ហើយលើសពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួនក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។
ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។