ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ និងជាអភិបាលរង ខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា ថ្ងៃទី៥ កញ្ញា ម្សិលមិញគឺជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំដែលតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ដែលបានស្ម័គ្របញ្ចប់ការប្រមូលផ្តុំរបស់ខ្លួន ។ ប៉ុន្តែនៅមិនទាន់មានបំបែក និងរំសាយទាំងស្រុងទេ។លោកបន្តថា កិច្ចការបន្តរបស់អាជ្ញាធរគឺជួយសម្រួលនិងចាត់ចែងសំណូមពររបស់ប្រជាពលរដ្ឋពាក់ពន្ធ័ជាមួយការមករកសាច់ញាតិនៅក្នុងទីតាំងប្រមូលផ្តុំនោះដើម្បីឱ្យបានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា អាជ្ញាធរបន្តទទួលពាក្យបណ្តឹង និងបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយមានក្រុមការងារខេត្ត ស្រុក និងមូលដ្ឋានប្រចាំការនៅទីនោះ ដើម្បីធ្វើកិច្ចការមួយចំនួនទៀតពាក់ព័ន្ធការកំណត់មើលសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋផងដែរ ។
លោកលី សំរិទ្ធ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះប្រជាពលរដ្ឋដែលបានចាកចេញទៅលំនៅឋានវិញជិតមួយម៉ឺននាក់ និងនៅសល់ប្រហែល មួយពាន់នាក់ប៉ុណ្ណោះ ហើយភាគច្រើនជាសមាជិក និងសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខណប្រជាពលរដ្ឋនៅសល់តិចតួច ហើយនឹងចេញជាបណ្តើៗនឹងអស់ក្នុងពេលឆាប់ៗនេះ។
លោកក៏បានឲ្យដឹងដែរថា មកដល់ពេលនេះមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលមករកសាច់ញាតិជាង ១០០ពាក្យបណ្តឹងហើយ ដែលមានមនុស្សត្រូវរកមានជាង ២០០នាក់ ខណដែលក្រុមគ្រួសារមួយចំនួនបានជួបគ្នារួចហើយ ហើយនៅមួយចំនួននៅមិនទាន់បានជួបនៅទ្បើយ។
គួរំលឹកថា លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានយល់ព្រមឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចម្ការម្រេចរបស់លោកនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញផងដែរ៕