ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្នុងពិធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងថា ៖ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព គឺជាចំណុចសំខាន់ខ្លាំងណាស់ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ ជាពិសេសការបង្ការ និង បង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន មិនទាន់មានភាពជាម្ចាស់ការនៅឡើយ។
លោក ងួន រតនៈ បន្តទៀតថា ចំពោះអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវមានភាពជាម្ចាស់ការ ទទួលខុសត្រូវ កំណត់របាយការណ៍ប្រចាំថ្ងៃ ឲ្យបានច្បាស់លាស់ និងបង្ការបង្ក្រាបឲ្យមានប្រសិទ្ធភាព បញ្ជ្រាបការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ស្របតាមយន្តការច្បាប់កិត្តិយុត្តិ។
ជាមួយគ្នានេះលោកអភិបាលខេត្តកំពង់ធំ បានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង/ស្រុក ត្រូវរួមគ្នាអនុវត្តនូវ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង ០៧ចំណុច ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ដោយកំណត់វិធានការឲ្យបានច្បាស់លាស់ដើម្បីឲ្យមានការរៀងចាល កែតម្រូវ នឹងធ្វើការតាមដានតម្រង់ទិសជូនពួកគាត់ ។ ព្រោះកន្លងមកប្រជាពលរដ្ឋទូទៅភាគច្រើនគឺមានការគាំទ្រក្នុងការអនុវត្តគោលនយោបាយ ភូមិ /ឃុំ មានសុវត្ថិភាពនេះណាស់ ។ បញ្ហាដីធ្លី និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ ក៏ដូចជាទុកកង្វល់ របស់ប្រជាពលរដ្ឋឲ្យមាន កម្លាភាពនិង គណនេយ្យភាពផងដែរ។
លើសពីនេះលោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ខាងមុខនេះ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌត្រូវឈានមកដល់ ដូច្នេះសូមអាជ្ញាធរកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខ នៅគ្រប់ទីវត្តអារាម និងតាមដានដោយយកចិត្តទុកដាក់ចំពោះកត្តាជីវភាព សុខភាព របស់ព្រះសង្ឃ ក្រែងមានការខ្វះខាតចង្ហាន់ទ័យ្យទាន។ល។ ក្នុងនោះក៏ដូចជានៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ធំឲ្យបានល្អប្រសើរ ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៕