ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth ទី២។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រ ប្រទានជូន ព្រះមហាក្សត្រចក្រភពអង់គ្លេស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ផ្ញើចេញពីទីក្រុងប៉េកាំង។
ព្រះរាជសារបានបញ្ជាក់ថា ៖ «ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងក្តុកក្តួលជាទីបំផុត បន្ទាប់ពីបានដឹងពីការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះមហាក្សត្រី អេលីហ្សាបេត ទី២»។
ព្រះរាជសារបានបន្ថែមថា៖ « ក្នុងនាមខ្ញុំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងប្រជារាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា យើងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយព្រះអង្គ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ខាងជើង និងប្រជានុរាស្ត្រទាំងអស់របស់ព្រះអង្គ »។
សូមបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ ទ្រង់ចូលព្រះទិវង្គត កាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៩៦ព្រះវស្សា នៅព្រះរាជវាំងក្នុងប្រទេសស្កុតឡែន។ ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ គឺជាស្តេចដែលបានសោយរាជ្យយូរបំផុតក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩៥២ ដែលមានរយៈពេល ៧០ឆ្នាំ និង២១៤ថ្ងៃ គិតមកដល់ថ្ងៃសោយព្រះទិវង្គតនេះ៕