រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយចំពោះ ពលរដ្ឋខ្មែរមួយចំនួនតូចដែលធ្វើការនៅកូរ៉េ បានជឿលើការឃោសនាអបិយជំនឿរបស់អ្នកនយោបាយ ដោយសុខចិត្តរត់មកស្រុកចោលការងារ ចោលប្រាក់ខែ។
ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីពលករខ្មែរនៅកូរ៉េ និងប្រទេសមួយចំនួន ទៀតប្រមាណ៥០០នាក់ បាននាំរត់មកស្រុកដោយជឿងលើការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា នឹងមានបាតុភូតទឹកជំនន់លិចពិភពលោក ហើយឱ្យនាំគ្នាមកភ្នំគូលែនខេត្តសៀមរាប។
ក្នុកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសាធារណរដ្ឋកូរ៉េប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា «ខ្ញុំ ពិតជាមានការ សោកស្តាយ ដែលកន្លងទៅថ្មីៗនេះ មានក្មួយៗពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជក កូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ»។
ឯកឧត្តមថា ម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ប៉ុន្តែក្មួយៗមុននឹងជឿ ក្មួយៗគួរតែ ពិចារណា ការខាតចំណេញរបស់ខ្លួនឯង អ្នកជំវិញខ្លួន និងសង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ទៅដល់ក្មួយៗជាពលករទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខតរៀងទៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកទៅដល់បងប្អូនពលករដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េត្រូវចងចាំថា នេះដោយសារតែការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងទំនាក់ទំនង ការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។
សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាមួយ ប្រធានាធិបតី កូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាង ប្រទេសទាំងពីរ។ ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់៕ AKP