ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់មានជីវភាពខ្វះខាត ចាស់ជរាចំនួន៤៥គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក។
អំណោយនេះត្រូវបាននាំទៅប្រគល់ជូននាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា, លោក ឃ្លោក នួយ អភិបាលរងខេត្ត លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងអាជ្ញាធរដែនដីស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធមួយចំនួនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាល សម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្ត្រា បន្តថែរក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសក្នុងរដូវទឹកជំនន់នេះ ត្រូវប្រយ័ត្នចំពោះសត្វអសិរពិសទិច ឬខាំដែលអាចនាំឱ្យប៉ះពាល់ដល់អាយុជីវិត។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថានភាពទឹកនៅក្នុងឃុំស្ពានស្រែង មានការស្រកចុះជាបណ្តើរៗហើយ៕