ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២២ ដោយសារតែការព្រួយបារម្ភក្រពើរួចចេញពីអាងចិញ្ចឹម គ្រាដែលទឹកទន្លេបានជន់លិចអាងចិញ្ចឹម អាជ្ញាធរស្រុកបរិបូណ៌ និងមន្ត្រីជំនាញបានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូក ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារ សត្វក្រពើចេញពីអាង ។
លោក ផល សុភាព អភិបាលរង ស្រុកបរិបូរណ៍ បានឱ្យដឹងថាដោយបានទទួលដំណឹងថាអាងចិញ្ចឹមក្រពីចំនួន២កន្លែងប្រឈមនឹងសត្វក្រពើរួចចេញ ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញនិងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើ របាំងសាច់អួន ដែលម្ចាស់អាងចញ្ចឹមក្រពើព័ទ្ធពីមុន ដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាង ។
ម្យ៉ាងដោយសារក្រពើមានទំហំធំៗ ព្រោះការចិញ្ចឹមបានច្រើនឆ្នាំណាស់ទៅហើយ ក្រៅពីការណែនាំឲ្យយកលួសសំណាញ់រាយព័ទ្ធលើអាងចិញ្ចឹមក្រពើបន្ថែមក្នុងនោះលោកក៏បានណែនាំដល់ម្ចាស់អាងក្រពើឱ្យ មានការពារប្រុងប្រយ័ត្នកុំឲ្យក្រពើរួចចេញពីអាងចិញ្ចឹមផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងឃុំឆ្នុកទ្រូ មានកន្លែងចិញ្ចឹមក្រពើចំនួន៩កន្លែង ប៉ុន្តែ២កន្លែងបានប្រឈមនិងគ្រោះថ្នាក់បើក្រពើរួចចេញពីអាង និង 6 កន្លែងទៀតទឹកលិចមិនទាន់ដល់៕