បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរស្រុកគាស់ក្រឡ ចុះទៅត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំនុចភូមិគោកត្រុំ ឃុំហប់ ដើម្បីសិក្សាពីផលប៉ះពាល់ និងចាត់វិធានការបន្ទាន់ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។
ក្នុងពេលថ្មីៗនេះ ដោយសារទឹកភ្លៀងបន្តធ្លាក់ចុះ បានធ្វើអោយប្រជាពលរដ្ឋចំនួន៩៤គ្រួសារក្នុងឃុំហប់រងផលប៉ះពាល់យ៉ាងខ្លាំង ហើយត្រូវបានអាជ្ញាធរស្រុកជម្លៀសទៅកាន់ទីទួលសុវត្ថភាពនៅក្នុងវត្តហប់កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ម្សិលម៉ិញនេះ។ រហូតមកដល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅចំនុចខាងលើបានធូស្រាលបន្តិចឡើងវិញហើយ តែប្រជាពលរដ្ឋបន្តស្នាក់នៅបន្តោះអាសន្នក្នុងវត្តហប់ដដែលរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទូទាំងស្រុករួចមក ឯកឧត្តម ប៊ុន ហុន បានអញ្ជើញទៅសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឿងឧបភោគ-បរិភោគ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៩៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តហប់ និងបានប្រគេនព្រះសង្ឃចំនួន ២វត្ត គឺវត្តហប់ និងវត្តគោកត្រុំ ផងដែរ។
ឆ្លៀតឪកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងគ្រាដ៏លំបាកបែបនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពស្រុកគាស់ក្រឡ ដែលបានខិតខំប្រឹងប្រែងជួយដល់បងប្អូនប្រជាពលរដ្ឋមកស្នាក់ទីទួលសុវត្ថភាពក្នុងវត្តហប់ និងបានដាក់ក្រុមគ្រូពេទ្យប្រចាំដើម្បីតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តម បានលើកទឹកអោយគណៈបញ្ជាការឯកភាពស្រុកគាស់ក្រឡ បន្តធ្វើសកម្មភាពជាប្រចាំ តាមដានស្ថានភាពជំនន់ទឹកភ្លៀង ហើយរាយការណ៍ទៅក្រុមការងារ ដើម្បីមានវិធានការដោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕