ខេត្តកំពង់ចាម ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងកិច្ចការនារី បន្តរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនមកពីរាជធានីខេត្តចំនួន១០ មាន៖ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកំពត ខេត្តកែប ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តប៉ៃលិន រាជធានីភ្នំពេញនិងមន្ត្រីក្រសួងកិច្ចការនារីមានអ្នកចូលរួមសរុប៥៦នាក់។
ដែលវគ្គបណ្តុះបណ្តាលផ្សប្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម ។
លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានប្រាប់ពីគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីនៃក្រសួងកិច្ចការនារីឱ្យទទួលបានចំណេះដឹងអំពីទិដ្ឋភាពទូទៅនៃគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារ ក៏ដូចជាសហគមន៍ និងមានសមត្ថភាពផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោកវរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ និងយល់ច្បាស់ពីតួនាទីរបស់ស្រ្តីក្នុងភាពជាជីដូន មាតា បងស្រី ដែលអាចចូលរួមបង្ការទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារក៏ដូចជាសហគមន៍៕