ខេត្តស្ទឹងត្រែង ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានធ្វើការជួសជុលកែសម្រួលផ្លូវជាតិលេខ៧ ដែលពីមុនធ្លាប់តែជាផ្លូវកៅស៊ូ ពេលនេះបានក្លាយជាផ្លូវគ្រោះក្រហមស្ទើរទាំងអស់ ចាប់ពីស្ពានសេកុង ទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា ឡាវ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ផ្លូវនេះរងការខូចខាតមែន ចំណែកការជួលនោះវាមិនធានាដល់ការប្រើប្រាស់បានយូរអង្វែងទេ ព្រោះផ្លូវកៅស៊ូយកដីទៅចាក់ កិនវាតែងតែជួបបញ្ហាខួចខាតទៅវីញជាអន្លើរៗនៅពេលមានភ្លៀង ហើយរថយន្តបើកបរទៅមកច្រើននោះ។
លោកថា ផ្លូវនេះ គម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមការវិនិយោគពីក្រុមហ៊ុនចិននឹងធ្វើការសាងសង់ថ្មីឡើងវិញ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា ឡាវ តែប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើងជួបវិបត្តិកូវីដ១៩ ទើបវាបង្កឲ្យរាំងស្ទះរហូតមកដល់សព្វថ្ងៃនេះ។
លោកប្រធានមន្ទីរបន្តថា ក្រុមការងារមន្ទីរសាធារណការទទួលបានផែនការពីអាជ្ញាធរខេត្តផង កំពុងរៀបចំធ្វើការជួសជុលនិងកែសម្រួលដើម្បីងាយស្រួលសម្រាប់រថយន្ត ម៉ូតូបើកបរទៅមកបានងាយស្រួល ជាពិសេសរថយន្តភ្ញៀវទេសចរចេញចូលទៅប្រទេសឡាវផង ៕