អគ្គស្នងការនគរបាលជាតិផ្តល់អនុសាសន៍មួយចំនួន ដល់ស្នងការនគរបាលខេត្តរតនគិរីទើបតែងតាំងថ្មី ត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ជាមួយមន្រ្តីក្រោមឱវាទ មានវប្បធម៌រួមគ្នាធ្វើការ ប្រកបដោយសាមគ្គីផ្ទៃក្នុង និងការអភិវឌ្ឍន៍ខាងក្រៅ ត្រូវបំពេញការងាររបស់ខ្លួនឱ្យស័ក្តសមនឹងឋានៈជាមន្រ្តី បម្រើរាស្រ្ត។
ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ផ្តល់អនុសាសន៍ចំនួន៦ចំណុច ដល់ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី រួមមាន ទី១-ត្រូវពង្រឹងតួនាទីក្នុងការដឹកនាំ ដោយចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនាក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។ ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ទី៣-ពង្រឹងរបៀបរបបធ្វើការដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយដល់នគរបាលប៉ុស្តិ៍រដ្ឋបាល និងជំរុញឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ជាពិសេសកែរសម្រួលឥរិយាបថ អាកប្បកិរិយា និងពាក្យសម្ដី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទុកចិត្ត និងជឿជាក់មកលើនគរបាលប៉ុស្តិ៍។ ក្នុងនោះ ក្នុងនាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពិនិត្យរបៀបរបបអនាម័យបរិស្ថានស្អាតនៅក្នុងទីតាំងកន្លែងធ្វើការផងដែរ។ ទី៤-ត្រូវពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថភាព ដោយធ្វើការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់។ គ្រប់គ្រងវត្តមានកម្លាំង និងអារម្មណ៍ ពិសេសពង្រឹងវិនយ័ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។ ត្រូវបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ចំពោះកម្លាំងនគរបាលចរាចរណ៍លើដងផ្លូវត្រូវជួយសម្រួល ក៏ដូចជាជូនក្មេង និងចាស់ជរាឆ្លងផ្លូវជាដើម ដែលនេះជាកាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ ទី៥-លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរពាក់ព័ន្ធរហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវលុបចោលនូវជំងឺតួឯក។ និងទី៦-ស្នើឱ្យឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ធ្វើជាអាណាព្យាបាលក្នុងការដឹកនាំ គាំទ្រ ដើម្បីសម្រេចបាននូវបេសកកម្ម។ មិនតែប៉ុណ្ណោះ ការិយាល័យបុគ្គលិក និងការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបង្កើតក្រុមថ្មីមួយដែលមានសមាសភាពពាក់ព័ន្ធដើម្បីតាមដាន និងពិនិត្យមើលតាមបណ្តាញសង្គម ដើម្បីទទួលយកភាពអសកម្មផ្សេងៗ ព្រមទាំងការរិះគន់ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយ និងបំភ្លឺឆ្លើយតប។ សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍៕វិទ្យុជាតិកម្ពុជា