ខេត្តព្រៃវែង: នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
តាមការឲ្យដឹងពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជា ស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ នឹង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូច ខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង ៦,២១៧គ្រួសារ ក្នុងនោះផ្ទៃដីដែលមានលទ្ធភាចអាចស្តារ ការដាំដុះស្រូវឡើងវិញបានមានចំនួន០៩ស្រុក លើផ្ទៃដី ៥,៤៣៥ហិកតា ស្មើនឹង ៦,១១២គ្រួសារ ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូន នាឱកាសថ្ងៃនេះ។
មុននឹងចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន មិនភ្លេចនាំនូវព្រះរាជបណ្ដាំពីព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង។សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងជំនន់ទឹកទន្លេ នាពេលកន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។សម្តេចតេជោបានថ្លែងកោតសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិនមែនជារឿងតូចតាចទេ សម្រាប់កម្ពុជា ពលរដ្ឋមានត្រឹមជាង ១៦លាននាក់ តែពលរដ្ឋស្លាប់ជាង៣ពាន់នាក់ ក្នុងរយៈពេលខ្លី ដោយតែជំងឺកូវីដ-១៩ ទាំងនេះដោយសារតែវិធានការដ៏មានប្រសិទ្ធភាពនៃការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។សម្តេចតេជោបានថ្លែងថា សល់តែពីរថ្ងៃទៀតទេ គឺដល់ខួបមួយឆ្នាំ ដែលកម្ពុជា បានបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានាធិបតីអាមេរិក ឯកឧត្តម ចូ បៃដិន នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោ ក៏បានថ្លែងបញ្ជាក់ទៀតថា សម្តេច នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ២០២២ វេលាម៉ោង ៤រសៀល។
មុននឹងបញ្ជប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនសុខភាពល្អ និងត្រឡប់ទៅផ្ទះវិញប្រកបដោយសេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕