ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបទី១០០ ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ នៅព្រះមណ្ឌបព្រះបរមរូប។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ថ្វីត្បិតព្រះវរកាយព្រះអង្គបានចាកឆ្ងាយពីកូនចៅ ចៅទួតក៏ពិតមែន ក៏ព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងកសាងជាតិនៅស្ថិតក្នុងក្រឳបេះដូងទូលព្រះបង្គំយើងខ្ញុំជាដរាប។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ទូលព្រះបង្គំសូមសម្តែងនូវសេចក្តីថ្លែងអំណរព្រះរាជគុណ ប្រកបដោយកត្តញ្ញូកតវេទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិមុទិតា រៀបចំព្រះរាជពិធីដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យមួយនេះផងដែរ»។
សូមជម្រាបថា មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥៖៣០នាទីរសៀល ដែលត្រូវជាខួបគម្រប់១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ព្រះរាជពិធីនេះ នឹងធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ព្រះរាជកម្មវិធី ត្រូវបានរៀបចំបែងចែកជាសកម្មភាពចំនួន៣ធំៗគឺ៖
* ការយាង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ៖ វេលាម៉ោង ០៧៖៣០នាទីព្រឹក នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ (ដោយមានការយាង និងនិមន្តព្រះសង្ឃចំនួន ១០០អង្គ)។
* ពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ៖ វេលាម៉ោង ០៥៖៣០នាទីល្ងាច ក្នុងសាលមហោស្រពចតុម្មុខមង្គល ដោយមានដំណើរយាងទតពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ និងព្រះរាជសកម្មភាពសំខាន់ៗ ជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
* ទស្សនីយភាពនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្នុងសាលមហោស្រពចតុម្មុខមង្គល ដែលមានការសម្តែងសិល្បៈទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ៕ ដកស្រង់ពី វិមាន៧មករា