លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា រួមដំណើរជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយក អគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជាច្រើន ជូនដល់កូនក្មួយសិស្សានុសិស្ស មកពីវិទ្យាល័យចំនួន ៣ ក្នុងស្រុកក្រគរ ក្នុងនោះមានវិទ្យាល័យ ហ៊ុន សែន ឈើតុំ, វិទ្យាល័យ ហ៊ុន សែន ១០មករា និងវិទ្យាល័យ ហ៊ុន សែន ក្រគរ សរុបប្រមាណជិត២ពាន់នាក់។
ពិធីនេះប្រារព្ធធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រគរ ដោយបានការចូលរួមលោក Phililppe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ ក្រុមការងារ និងលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានផ្តល់ជូនរបងថ្មចំនួន១០ប្រឡោះ ជូនលោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ក្រគរ តាមការស្នើសុំផងដែរ៕