អន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ ដោយដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ គឺមិនអាចទទួលយកបានទេ ដោយសារតែមីស៊ីលមួយគ្រាប់បានធ្លាក់នៅជិតដែនទឹកនៃសាធារណរដ្ឋកូរ៉េ។
ក្រុមមន្ត្រី បាននិយាយថា មីស៊ីលកូរ៉េខាងជើង ដែលបានបាញ់ នៅថ្ងៃនេះ បានធ្លាក់នៅជិតដែនទឹករបស់យើងនៅភាគខាងត្បូងនៃខ្សែព្រំដែនភាគខាងជើងជាលើកដំបូង ចាប់តាំងពីការបែងចែកប្រទេសកូរ៉េ ដោយបន្ថែមថា នេះគឺមិនធ្លាប់មានពីមុនមក និងមិនអាចទទួលយកបានទេ។ ក្រុមមន្ត្រីដដែល បន្តថា យោធាកូរ៉េខាងត្បូង នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើនេះ។
យោងតាមអាជ្ញាធរទីក្រុងសេអ៊ូល បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ឆ្ពោះ ទៅកាន់សមុទ្រជប៉ុន ដោយបាញ់ពីតំបន់ Wonsan នៃខេត្ត Kangwon ប្រហែលម៉ោង ០៨ និង ៥១ នាទី (ម៉ោងក្នុងស្រុក) ខណមីស៊ីល មួយគ្រាប់បានធ្លាក់នៅភាគខាងត្បូងនៃខ្សែព្រំដែនភាគខាងជើង ដែលកូរ៉េខាងត្បូង ចាត់ទុកថាជាព្រំដែនសមុទ្រជាក់ស្តែង៕