ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសព្វព្រះរាជហឫទ័យស្តេចយាង អុជបំភ្លឺទានជ័យ នៅវិមានឯករាជ្យ ដើម្បីអបអរសាទរខួប ៦៩ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីប្រទេសបារាំង។
ព្រះរាជដំណើរយាងអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ និងអុជទានជ័យនៅវិមានឯករាជ្យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរ ពីសំណាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូតនានា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកម្លាំងយុវជននានា។
ទានជ័យនៅវិមានឯករាជ្យ នឹងត្រូវអុជបំភ្លឺរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦៩ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បន្ទាប់ពីបារាំងដាក់អាណានិគមអស់រយៈពេលប្រមាណ ៩០ឆ្នាំ៕