រាជធានីភ្នំពេញ ៖ ក្នុងឱកាសដែលសម្កេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ក៏បានបង្ហាញពីក្ដីរំភើប ដែលកម្ពុជាបានដើរដល់ចំណុចមួយដ៏គួរឱ្យមោទកភាព ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរដោយភ្ជាប់ជាមួយរូបថត សកម្មភាពព្រះមហាក្សត្រកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងមេដឹកនាំអាស៊ាន យ៉ាងដូច្នេះថា «នេះមិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ» ។
ឯកឧត្ដម ហ៊ុន ម៉ានី បានលើក ៥ ចំណុច ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងរូបថតសកម្មភាពទាំងនោះ មានដូចជា ៖
ទី១. កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យ ប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា ។
ទី២. កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានា ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះ ឆ្លុះបញ្ជាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល។
ទី៣. កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
ទី៤. កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ ។
ទី៥. កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង ៕