កោះបាលី៖ នៅវេលាម៉ោង៦.៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅកាដល់ហោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីសំខាន់ៗជាច្រើនទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកកប្រទេសថៃ បន្ទាប់ពី បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់មក សម្តេចតេជោនក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំ កំពូលនឹង អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ៕