ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ៧រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញសម្ដេចមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោសម្រេចចិត្តដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់មន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី ដែលបានយកចិត្តទុកដាក់ចំពោះសម្ដេច និងគណៈប្រតិភូ និងសូមអរគុណដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សម្ដេច។
សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីជាការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលនេះសុខភាពរបស់សម្ដេច គឺធម្មតា និងបានមានប្រសាសន៍ទៀតថា ទោះបីសម្ដេចវិជ្ជមានកូវីដ-១៩ក៏ដោយ ក៏ការងារមួយចំនួន សម្ដេចនៅតែបន្តធ្វើជាប្រក្រតី លើកលែងតែការងារដែលត្រូវជួបភ្ញៀវតែប៉ុណ្ណោះ ៕