កូនសត្វខ្លាឃ្ម៉ំតូចមួយក្បាលត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ

ខេត្តមណ្ឌលគិរី៖ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ កូនសត្វខ្លាឃ្ម៉ំតូចមួយក្បាលដែលជួយ​សង្គ្រោះដោយប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីប្រគល់ជូនដល់មន្ត្រីសង្គ្រោះសត្វព្រៃ (WRRT team ដើម្បីថែទាំចិញ្ចឹមបន្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់​អន្រ្ទង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ១ក្បាល មានទម្ងន់ ៧គីឡូក្រាម ពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោក បានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាសហគមន៍ដែលមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃការថែរក្សាអភិរក្សសត្វព្រៃ និងបានចូលរួមក្នុងការសង្គ្រោះកូនសត្វខ្លាឃ្មុំតូចនេះមិនឱ្យមានគ្រោះថ្នាក់។
ក្រសួងបរិស្ថាន សូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ច ការអភិរក្សសត្វព្រៃ និងបានដឹកនាំយកកូនសត្វខ្លាឃ្មុំតូចនេះ មកថែរក្សាអភិរក្សនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះអង្គការ WCS ដែលបានគាំទ្រលើបច្ចេកទេសក្នុងការដឹកកូនសត្វខ្លាឃ្មុំមកកាន់ទីតាំងអភិរក្ស ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *