ភ្នំពេញ៖ «អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក » មហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បាននិងកំពុងបន្តប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី នាររសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរបៀបវារៈសំខាន់ៗរួមមាន កិច្ចពិភាក្សាលើសកម្មភាព និងការសម្រេចបានកន្លងមក ក៏ដូចជាការពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។
ក្នុងវគ្គពិភាក្សារសៀលនេះ មានការឡើងធ្វើជារបាយការណ៍ និងបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា នៃអង្គមហាសន្និបាត ដើម្បីផ្តល់ជាធាតុចូល មតិយោបល់ទាំងលើរបាយការណ៍ទិសដៅការងារ និងកិច្ចពិភាក្សាផ្សេងៗទៀតដែលបានកំណត់ក្នុងរបៀបវារៈ។
ជាមួយគ្នានេះដែរ ក្រោយបញ្ចប់វគ្គបពិភាក្សា ឯកឧត្តម ឌី វិជ្ជា អនុប្រធានសសយក និងជាប្រធានអនុគណៈកម្មការដឹកនាំវិសោធនកម្មលក្ខន្តិកៈ បានធ្វើរបាយការណ៍ស្តីពីសំណើរវិសោធនកម្មលក្ខន្តិកៈ ស.ស.យ.ក. ជូនដល់អង្គពិធី។ ដោយបានកត់សម្គាល់នូវដំណើរវិវត្តឥតឈប់ឈរ និងចុងក្រោយនៃបរិបទសង្គម នយោបាយ និង សេដ្ឋកិច្ច អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការជំរុញបេសកម្ម និងលើកស្ទួយបុព្វហេតុ ស.ស.យ.ក ។
តាមរយៈស្មារតីឯកភាពជាឯកឆ្ឆនៈ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក ព្រមទាំងសមាជិក គណៈអចិន្រ្តៃយ៍បន្ថែមចំនួន ៩រូប រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ថ្មីបន្ថែមចំនួន ២០៣រូប។
សូមជម្រាបជូនដែរថា មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក.រយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
(១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
(២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក
(៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល និង
(៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក ៕ (by AKP)