ភ្នំពេញ៖ នាឱកាសនៃពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលមហាសន្និបាត ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមស្មារតីទទួលខុសត្រូវ និងពោេពេញដោយការប្តេជ្ញាចិត្តខ្ពស់ពីសមាជិកទាំងឡាយ និងក៏សូមចូលរួមអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។
ផ្តើមមានមតិ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតប្រធានកិត្តិយស ស.ស.យ.ក. បានធ្វើការថ្លែងអំណរគុណ ដល់គណៈកម្មាធិការកណ្តាលដែលបានផ្តល់នូវសេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ជាប្រធានកិត្តិយស ស.ស.យ.ក.។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ។
សូមជម្រាបជូនថា រយៈពេល ០២ ថ្ងៃនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ៩រូប និងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ៕
#ស_ស_យ_ក #ដើម្បីជាតិមាតុភូមិនិងប្រជាជន
#ខ្មែរតែមួយអនាគតតែមួយ