(ភ្នំពេញ)៖ ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍ តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់។
សម្ដេចតេជោ បានថ្លែងថា សក្ដានុពលនេះក៏បានចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ ស្របពេលដែល ទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍ទន្លេមេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមជីវិត ជាទីកន្លែងដែលបណ្ដុះបណ្ដាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌។ ទន្លេជាអំណោយពីធម្មជាតិ បានផ្សារភ្ជាប់ប្រទេសនានាដែលទទួលទានទឹករួមគ្នាឱ្យក្លាយជាសហគមន៍វាសនារួមគ្នា ប្រកបដោយសមភាព ភាពស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះនឹងធ្វើឡើងចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព»៕