ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ

ប្រទេសកម្ពុជា៖ គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ (Siamese Crocodile) ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១០០០ក្បាល។
សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ សត្វក្រពើភ្នំ ធ្លាប់មានវត្តមានជាច្រើននៅតាមដងទន្លេ និងពាសពេញតំបន់វាលភក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ប្រទេសកម្ពុជាផងដែរ។ នៅកម្ពុជា វត្តមាមក្រពើភ្នំមាននៅតំបន់ជួរភ្នំក្រវ៉ាញ និងថ្មីៗនេះបានរកឃើញវត្តមានកូនសត្វក្រពើភ្នំចំនួន ៨ ក្បាលដែលអាចសន្និដ្ឋានថាយ៉ាងហោចមានសត្វក្រពើភ្នំពេញវ័យមួយគូដែលរស់នៅតាមដងទន្លេស្រែពក ខេត្តំនញដលគិរី។
នៅដើមទសវត្សឆ្នាំ១៩៩០ សត្វក្រពើភ្នំត្រូវបានព្រួយបារម្ភថាវានឹង “ផុតពូជ” នៅក្នុងព្រៃធម្មជាតិដោយ​សារ​តែការបំផ្លាញទីជម្រក ការប្រមាញ់ និងមានការប្រមូលយកទៅចិញ្ចឹមជាលក្ខណៈកសិដ្ឋាន។ នៅពេលបច្ចុប្បន្នវាជាប្រភេទសត្វក្រពើដែលកម្របំផុតមួយនៅលើពិភពលោក។ ចំនួនសត្វព្រៃដែលមាននៅកម្ពុជា ដែលស្ថិតក្នុង តំបន់ការពារចុងក្រោយនៃប្រភេទសត្វត្រូវបានប៉ាន់ស្មានថាមានចំនួនតិចជាង ៤០០ក្បាល។
មានការរីកចម្រើនខ្លាំងក្នុងការពារតំបន់ដីសើមសំខាន់ៗ ការការពារទីជម្រករបស់សត្វក្រពើភ្នំ និងប្រភេទដែលកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជនេះមានការកើនឡើងវិញ។ ទោះជាយ៉ាងណាការគំរាមកំហែងនៅតែបន្តមានរួមទាំងការចាប់សត្វព្រៃដោយចៃដន្យ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការប្រមាញ់ហួសប្រមាណ និងហានិភ័យដោយចំនួននៃការបង្កាត់ពូជមានតិច។ ទាំងអស់នេះជាមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ FFI បន្តធ្វើការការពារលើរបាយចំនួននៃសត្វក្រពើភ្នំដើម្បីជួយឲ្យចំនួនពួកវាមានការកើនឡើងពីចំនួនតិចតួចឆ្ពោះទៅរកចំនួនដែលមានស្ថេរភាពមួយក្នុងការរស់រានបាន។
កាលពីខែឧសភា ឆ្នាំ២០២២ សត្វក្រពើភ្នំចំនួន ២៥ ក្បាលត្រូវបានលែងចូលជម្រកធម្មជាតិនៅតំបន់អារ៉ែង ធ្វើឱ្យសត្វក្រពើភ្នំដែលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៅតំបន់ជួរភ្នំក្រវ៉ាញ ចាប់តាំងពីឆ្នាំ ២០១២ មកកើនដល់ចំនួន ១៣៦ក្បាល។ ជាមួយគ្នានេះក៏មានកន្លែងបង្កាត់ពូជក្រពើភ្នំនៅឧទ្យានជាតិភ្នំតាម៉ៅ ដែលបច្ចុប្បន្ននេះមានសត្វក្រពើភ្នំតូចធំចំនួន ១៧៩ក្បាល ដែលក្នុងនោះមានសត្វក្រពើភ្នំពេញវ័យចំនួន ៥០ក្បាល ជំទង់ចំនួន ៦៩ក្បាល និងកូនក្រពើភ្នំទើបញាស់ចំនួន ៦០ក្បាល។ ក្រសួងបរិស្ថានជឿជាក់ថា ជាមួយគម្រោងអភិរក្សសត្វក្រពើភ្នំនេះ នឹងធ្វើឱ្យចំនួនសត្វក្រពើភ្នំក្នុងជម្រកធម្មជាតិមានការកើនឡើង បន្ថែមពីការបង្កាត់ពូជនិងកូនញាស់ដើម្បីលែងចូលក្នុងជម្រកធម្មជាតិបន្ថែម។
គម្រោងអភិរក្សសត្វក្រពើកម្ពុជា(CCCP) បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយសហគមន៍នៅតំបន់ជួរភ្នំក្រវាញអស់រយៈពេលជាង ១៥ឆ្នាំមកហើយ។ ក្រពើភ្នំបានរស់នៅជិតស្និទ្ធនៅក្នុងតំបន់របស់ជនជាតិដើមភាគតិចដែលចាត់ទុកថា ក្រពើជាសត្វពិសិដ្ឋ។ ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអភិរក្សសត្វដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕ រូបភាពដោយអង្គការ FFI
 

You might like

Leave a Reply

Your email address will not be published. Required fields are marked *