អន្តរជាតិ ៖ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស លោកស្រី Barbara Woodward បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី កំពុងព្យាយាម ដើម្បីទទួលបានអាវុធបន្ថែមទៀតពីប្រទេសអ៊ីរ៉ង់ រួមទាំងមីស៊ីលផ្លោងរាប់រយដើម និងផ្តល់ឱ្យទីក្រុងតេអេរ៉ង់ នូវកម្រិតជំនួយផ្នែកយោធា និងបច្ចេកទេសដែលមិនធ្លាប់មានពីមុនមកជាថ្នូរ។
លោកស្រី Woodward បាននិយាយថា ចាប់តាំងពីខែសីហាមក អ៊ីរ៉ង់ បានផ្ដល់យន្តហោះគ្មានមនុស្សបើក (UAVs) រាប់រយគ្រឿង ទៅកាន់ប្រទេសរុស្ស៊ី។ លោកស្រី Woodward បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះរុស្ស៊ី កំពុងព្យាយាមដើម្បីទទួលបានអាវុធបន្ថែមទៀត រួមទាំងមីស៊ីលផ្លោងរាប់រយដើម។
លោកស្រី បានបន្ថែមថា ជាការតបស្នង រុស្ស៊ី កំពុងផ្តល់ឱ្យអ៊ីរ៉ង់នូវកម្រិតនៃការគាំទ្រផ្នែកយោធា និងបច្ចេកទេសដែលមិនធ្លាប់មានពីមុនមក ហើយយើងមានការព្រួយបារម្ភថា ក្រុងមូស្គូ មានបំណងផ្តល់ឱ្យក្រុងតេហេរ៉ង់ នូវសមាសធាតុយោធាកម្រិតខ្ពស់បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះពង្រឹងសមត្ថភាពអាវុធរបស់ពួកគេ៕