នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ ត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ជាង៦០ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពូ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។
វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។
វិទ្យាស្ថាន ក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេនៅម៉ោង 8:00 នាទីព្រឹក ពីវិមានសន្តិភាព៕