ភ្នំពេញ÷រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីក្រោមឱវាទចូលរួមផ្តល់ឈាមមួយឆ្នាំឲ្យបាន២ដងដែលជាអំពើមនុស្សធម៌ដ៏ល្អនិងមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលប្រឈមនឹងការខ្វះឈាម នឹងតម្រូវការឈាមចាំបាច់របស់គ្រួសាររងគ្រោះ ដែលបានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ។
ថ្លែងក្នុងកម្មវិធី ផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ សកម្មភាពបរិច្ចាគឈាមរបសក្រុមមន្ត្រីរាជការនាពេលនេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៍មានតំលៃ ដែលមន្ត្រីរាជការគ្រប់រូបគួរចូលរួមទាំងអស់គ្នា ជាពិសេសជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ហើយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ ។
ឯកឧត្តមចង់ឲ្យមន្ត្រីរាជការទាំងអស់គួរចូលរួមបរិច្ចាគឈាមក្នុងមួយឆ្នាំបាន២ដង ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាព ទេពីព្រោះថាឈាមដែលបាត់បង់វានឹងបំពេញយ៉ាងឆាប់រហ័ស និងជួយឲ្យមានសុខភាពល្អថែមទៀតផង។
ឯកឧត្តមមានប្រសាសន៍ថា ៖ ខ្ញុំសូមសរសើរនូវការផ្តួចផ្តើមគំនិតរបស់ក្រុមយុវជនក្រសួងព័ត៌មាន ដែលបានខិតខំរៀបចំជាការផ្ដល់ឈាម ដើម្បីជាការបរិច្ចាគឈាមរបស់យើង ដើម្បីជួយដល់អ្នកដែលត្រូវការឈាមទាំងប៉ុន្មាន នេះជាការប្រឹងប្រែងមួយដើម្បីជំរុញឲ្យទៅជាចលនាមួយក្នុងការផ្ដល់ឈាមសម្រាប់អ្នកដែលត្រូវការ ដូច្នេះលើកក្រោយយើងរៀបចំចលនាយុវជនព័ត៌មានផ្ដល់ឈាមដែលមានអ្នកចូលរួមច្រើនរយនាក់ ហើយជាការរួមចំណែកមួយក្នុងការសង្គមរបស់យើងដែរ ។
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានបានឲ្យដឹងថា ការស្មគ្រ័ចិត្តរបស់យុវជនយើង ពិតជាបានរួមចំណែកធំក្នុងការលះបង់ពេលវេលាដ៍មានតំលៃ ក្នុងការស្ម័គ្រចិត្តពិតប្រាកដចេញពីក្រអៅបេះដូង និងប្រកបដោយឆន្ទះមនុស្សធម៌ ជាការជួយលើកស្ទួយវិស័យសុខាភិបាល និង ជួយបំពេញតំរូវការចាំបាច់មួយចំណែក ក្នុងការសង្គ្រោះដល់ជីវិតរបស់ជនរងគ្រោះ និងពលរដ្ឋទូទៅក្នុងសង្គម កម្ពុជារបស់យើង ។
ឯកឧត្តមមានប្រសាន៍ថា ៖ នេះជាព្រឹត្តិការណ៍ដ៍សំខាន់មួយក្នុងចំណោមបេសកម្មដ៏វិសេសវិសាលដ៍ទែទៀត ក្នុងការបំពេញកាតព្វកិច្ចជាមន្ត្រីរាជការ និងក្របខណ្ឌរបស់ខ្លួនក្នុងក្រសួងព័ត៌មាន ការបរិច្ចាគឈាមមានអត្ថន័យនិងអត្ថប្រយោជន៍ ជួយសង្គម ជួយអ្នកជម្ងឺប្រឈមមុខបំផុតនៅការខ្វះឈាម តម្រូវការឈាមចាំបាច់របស់គ្រួសារជនរងគ្រោះដែលបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នានាដែលនេះបានបង្ហាញពីសាមគ្គីភាពដ៏ស្អិតរមួតនៃការចូលរួមកិច្ចការសង្គមដើម្បីប្រទេស និងដើម្បីជាតិយើង ។
សូមបញ្ជាក់ថា កម្មវិធីផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់បានប្រព្រឹត្តិទៅ ដោយមានការចូលរួមពីមន្ត្រីរាជការទាំង៥អគ្គនាយកដ្ឋាននិងមន្ត្រីរាជការមកពី មន្ទីរព័ត៌មានខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មន្ទីរព័ត៌មានខេត្តព្រៃវែង និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំផងដែរ ៕