ខេត្តកំពង់ឆ្នាំង ៖ ក្រោមការបញ្ចាផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបួងខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋវាលជលផលផ្សារឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាប និងរុះរើលបប្រឺស ១០០ អស់ជាច្រើនខ្សែ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ។
ការបង្ក្រាប និងចុះរុះរើលបប្រឺស១០០ ខាង លើខាងលើនេះធ្វើឡើងនៅចំនុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្រោយការបង្ក្រាបនិងរុះរើលបប្រឹស១០០នៅចំណុចខាងលើរួច វត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលយកទៅរក្សាទុក ចាត់ការតាមនីតិវិធីបន្ត ។
សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើសលបប្រឺស ១០០ ឬលបកន្ទុយកណ្តុរនេះគឺមានអ្នកនេសាទបីក្រុមមានគ្នាចំនួនប្រហែល ជា ១០នាក់ បានដាក់ពេញផ្ទៃទន្លេ ដោយក្នុងម្នាក់ៗដាក់លបប្រឺស១០០នេះ មិនក្រោម១០០ខ្សែឡើយ ដែល ចំនួនសរុបនៃការដាក់ទាំងអស់មិនក្រោម១០០០ខ្សែនោះទេ។ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់តាមខ្នើត និងរដូវកាលដែលដឹងថាត្រីចរាចរណ៍ឆ្លងកាត់ រួចសារទុក បើមានឱកាសដល់ពេលត្រីត្រូវបាននាំគ្នាដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ចចុះបង្ក្រាប និងរុះរើឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។
ការនេសាទលបប្រឹស ១០០ គឺក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់ដល់បាតទន្លេ ដោយចងយុថ្កាជាមួយចុងសងខាងនៃលបប្រឺស ១០០ រួចទម្លាក់ចូលទៅ បាតទន្លេ ហើយផ្នែកខាងលើយកប៊ីដុងចងជាកុំសួលរាប់ពាន់ប៊ីដុងបណ្តែតព្រោងព្រាតលើផ្ទៃទឹកទន្លេ និងមានការប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក និងមានម៉ាស៊ីនអូសទាញសារលបក្នុង ១ លប ៗគេអាចនេសាទបានពី ១០០ ទៅ ៣០០ គីឡូក្រាម ។
ប្រជានេសាទនៅតំបន់នោះមានការត្រេកអរ និងកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ និងការចេញបទបញ្ជាបង្ក្រាបបទល្មើសនេសាទលបប្រឺស១០០នាពេលនេះ ព្រោះ
ការដាក់លបប្រឺស ១០០ យ៉ាងច្រើនសន្ឋឹកបែបនេះវាមិនត្រឹមតែបំផ្លាញដល់ធនធានជលផលប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្ទះចរាចរណ៍ផ្លូវទឹកទៀតផង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ ពីសង្កាត់រដ្ឋបាលជលផលរហូតដល់ខណ្ឌរដ្ឋបាលជលផល មេត្តាជួយបង្ក្រាបឲ្យមានប្រសិទ្ធ ភាព និងវែកមុខចាត់ការអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះផងដែរ ។