ខេត្តបន្ទាយមានជ័យ ៖ យោងការណែនាំ និងការដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និង សមត្ថកិច្ចថៃតាមព្រំដែនដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានចាត់តាំងលោកអនុសេនីយ៍ត្រី ឣ៉ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ឣូរសាយ ដឹកនាំកម្លាំង ចំនួន ០៤នាក់សហការជាមួយកម្លាំងយោធាសឹករងថ្មពួក ចំនួន ០២នាក់ដឹកនាំដោយលោកឣនុសេនីយិ៍ឯក ចែម ភាព មេបញ្ជាការរងកងអនុសេនាធំទី១ បានជួបពិភាក្សា ការងារជាមួយ ភាគីថៃនៅគោលដៅប៉ុស្តិ៍លេខ១៤ថៃ នាទឹកដីខាងព្រំដែនថៃ ភាគីថៃមានចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សាឡូត យោថា មេបញ្ជាការរង (ក.អ.ធ) លេខ១២០៦ ដើម្បីពង្រឹងសហប្រតិបត្តិការ រួមគ្នាលុបបំបាត់និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន។
ជំនួបពិភាក្សានោះភាគីកម្ពុជា-ថៃ បានផ្តោតលើការងារសំខាន់ៗចំនួន៣រួមមាន៖
១-ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងទប់ស្កាត់បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន ។
២-គ្រប់គ្រងទប់ស្កាត់គ្រឿងញៀនខុសច្បាប់និងការរត់ពន្ឋឣាវុធ-គ្រាប់ ។
៣-រាល់ការចុះត្រួតពិនិត្យបង្គោលសីមានិងចុះគោលដៅផ្សេងៗ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនិងស្នើឲ្យមានការជូនដំណឹងជាមុន៕